រាជធានីភ្នំពេញ៖ ដោយសារតែសំណងរបស់រដ្ឋតិចពេកមិនអាចទទួលយកបានទើបប្រជាពលរដ្ឋ ប្រមាណជា១៣០គ្រួសារ នៅតែបន្តសុំអោយរដ្ឋាភិបាលជួយ ខណៈដែលគំរោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចំលើដីរបស់ពួកគាត់ ស្ថិតនៅក្នុង ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩នេះ បានសំណូមពរយ៉ាងទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «សូមមេត្តាជួយអន្តរាគមន៍ដោះស្រាយផង ត្បិតពួកគាត់សព្វថ្ងៃមានអ្នកខ្លះ កំពុងជួលផ្ទះគេស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ»។ ពួកគាត់ ថែមទាំងសំណូមពរឲ្យរាជរដ្ឋាភិបាល «មេត្តាសងសំណងតាមតម្លៃដីលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចយកសំណងនោះ ទៅទិញដីកន្លែងផ្សេងទៀត»។

លោកស្រី ចន្ថន បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ដែលធ្លាប់សង្ឃឹមថា ក្រោយពីទិញដីហើយ បានធ្វើផ្ទះនៅ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំង ដោយសារដីនេះស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿន។ លោកស្រីបញ្ជាក់ថា៖ «ពេលយើងទិញដី យើងសង្ឃឹមថាបានធ្វើផ្ទះនៅលើហ្នឹង ដល់ពេលឥឡូវធ្វើផ្លូវល្បឿនលឿនយើងគាំង យើងមិនអាចធ្វើផ្ទះបានទេ។ ទីមួយ ខ្ញុំសុំឲ្យសងសំណងបានលឿន និងទីពីរ សូមសងក្នុងតម្លៃទីផ្សារបច្ចុប្បន្ន»។

លោក ឡេង ធឿន គឺជាប្រជាពលរដ្ឋម្នាក់ ដែលបានដាក់ប្លង់ដីនៅឯស្រុកកំណើត យកទៅខ្ចីលុយធនាគារ ក្នុងគោលបំណងទិញដី និងសង់ផ្ទះរស់នៅ។ ប្រជាពលរដ្ឋ ដែលបានទិញដី និងសាងសង់ផ្ទះទៅហើយនោះ បានសម្តែងការបារម្ភយ៉ាងខ្លាំង ដោយសារដឹងថាផ្ទះខ្លួននឹងត្រូវវាយចោលវិញ។ក្នុងដៃមានឯកសារខ្ចីលុយធនាគារផងនោះ លោក ឡេង ធឿន បានបញ្ជាក់ថា៖ “បើសិនជាផ្ទះត្រូវឈូស មានតែយើងទៅនៅផ្ទះជួលបណ្តោះអាសន្ន។ កាលខ្ញុំទិញដី ខ្ញុំបានដាក់ប្លង់ផ្ទះនៅស្រុក”។

ពលរដ្ឋរងគ្រោះឈ្មោះ តាំង ឡេងឆាយ បានថ្លែងថា «ធ្វើបង្កាន់ដី និងវាស់វែងអស់ហើយ ប៉ុន្តែការសងសំណងយូរ អញ្ចឹងខ្ញុំចង់ឲ្យខាងរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគន៍ពន្លឿនការសង ដោយសារដីកាន់តែឡើងថ្លៃ ហើយប្រជាជនទិញដីហ្នឹង អ្នកខ្លះយកលុយធនាគារ។ ជួលផ្ទះផល និងបង់ថ្លៃដីឡូតិ៍ផង គ្នាពិបាករត់ណាស់ អញ្ចឹងការរស់នៅពិបាកណាស់ ដោយសារគ្នាសង់ផ្ទះនៅក៏មិនបាន»។ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ រ៉ា ណូ បានបង្ហាញការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះសំណង ដែលធ្លាប់អះអាងពីអាជ្ញាធរមូលដ្ឋានថា នឹងត្រូវដោះស្រាយជូននោះ។

លោកបញ្ជាក់ថា៖ «បងប្អូន ដែលប៉ះពាល់ជាង ១០០គ្រួសារនេះ ចង់ដឹងពេលវេលាច្បាស់លាស់ ឲ្យពួកយើងបានដឹងផង ដោយសារពួកយើងអត់ទាន់មានសង្ឃឹម វាយូរពេក។ ម្ខាងបង់លុយធនាគារ ម្ខាងជួលផ្ទះគេ ដល់ចឹងវារត់អត់រួច យើងមានកង្វល់ណាស់»។ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងចំណោមប្រជាពលរដ្ឋជាង ១៣០គ្រួសារ គឺជាប្រភេទដីឡូតិ៍ ដែលពួកគាត់បានទិញពីក្រុមហ៊ុនឡេង និមល  ក្នុងតម្លៃចាប់ពី ៤.០០០ដុល្លារអាមេរិក រហូតដល់ ២០.០០០ដុល្លារអាមេរិក ដែលមានប្លង់រឹងត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មានគ្រួសារខ្លះបានដាក់ប្លង់ដីនៅឯស្រុកកំណើត ទៅខ្ចីលុយធនាគារ ដើម្បីទិញដីឡូតិ៍នោះដោយសង្ឃឹមថា ខ្លួននឹងបានសាងសង់ផ្ទះនៅក្បែររាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

បន្ទាប់ពីទិញដីធ្លីរួចរាល់ហើយ ដោយសារដីទាំងនោះស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿន អាជ្ញាធរមូលដ្ឋានបានប្រាប់ពួកគាត់ កុំឲ្យសាងសង់ផ្ទះសម្បែង គឺត្រូវរង់ចាំអាជ្ញាធរដោះស្រាយ និងសងសំណងជូនជាមុនសិន ដើម្បីបានទៅទិញដីកន្លែងផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ពួកគាត់នៅមិនទាន់បានសំណងសមរម្យនៅឡើយទេ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕