ខេត្តស្វាយរៀង៖  កូនលោកកែវ គង់ អធិការនគរបាលក្រុងបាវិតបន្ទាប់ពីផឹកស៊ីស្រវឹងបានដកកាំភ្លើងបាញ់ប្រហាស្ត្រីម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ ចំនួន២គ្រាប់ចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ដែលហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងហាងផឹកស៊ីខាងលើ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។ខ្មាន់កាំភ្លើងមានឈ្មោះ កែវ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ត្រូវបានគេស្គាល់ថាជាកូនប្រុសបង្កើតរបស់លោក  កែវ គង់ អធិការនគរបាលក្រុងបាវិត។ ចំណែកជនរងគ្រោះដែលជាម្ចាស់ហាងឈ្មោះ សឿន  ដាណេ  ភេទស្រីមានវ័យ ៣៨ឆ្នាំ  រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា បន្ទាប់ពីជនសង្ស័យផឹកស៊ីស្រវឹងជោគជាំ ហើយបានកើតមានភ្លើងប្រច័ណ្ឌទៅលើស្ត្រីជនរងគ្រោះជាម្ចាស់ហាងទើបដកកាំភ្លើងបាញ់ប្រហារ ចំនួន២គ្រាប់បណ្តាលឲ្យត្រូវក្បាលមួយគ្រាប់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមភ្លាមៗ ។

ក្រោយពេលបាញ់គេអោយរបួសហើយជនសង្ស័យមិនបានរត់គេចខ្លួននោះទេ គឺបានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕