រាជធានីភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើនមានការងើងឆ្ងល់ថា តើបុគ្គលឈ្មោះភឺន ផល្លាជានរណា ឬមានអ្នកនរណានៅពីក្រោយខ្នងបានជាបុគ្គលរូបនេះ តែងតែមានការពាក់ពន្ធ័នឹងរឿងអាស្រូវដីធ្លី ដោយគ្មានខ្លាចច្បាប់យ៉ាងដូច្នេះ?ប្រភពព័ត៌មាននានាបានឲ្យដឹងថា បុគ្គលឈ្មោះភឺន ផល្លានេះ ពីមុនមានងារជាឧកញ៉ា ប៉ុន្តែក្រោយមកបានលាលែង ដោយសារមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យអ្នកមានមុខងារជាមន្ត្រីយោធានគរបាល ត្រូវលាលែងងារពីឧកញ៉ា ប្រសិនបើចង់រក្សាមុខងារជាមន្ត្រីយោធា នគរបាល។ យ៉ាងណាមិញកេរ្តិ៍ឈ្មោះមន្រ្តីយោធាភឺន ផល្លាពិតជាមានភាពល្បីល្បាញមិនធម្មតាទេ គ្រាន់តែភាពល្បីល្បាញនេះ មិនមែនលើរឿងល្អ រឺការបំរើជួយទុក្ខធុរៈប្រជាពលរដ្ឋទេ គឺល្បីល្បាញរឿងអាស្រូវដីធ្លី។ កន្លងមកមិនខ្វះឡើយរឿងអាស្រូវរំលោភយកដីធ្លីរបស់អ្នកដទៃ លើបណ្តាញព័ត៌មាន ដែលបានផ្សព្វផ្សាយពាក់ពន្ធ័នឹងបុគ្គលឈ្មោះភឺន ផល្លា ដែលមានតួនាទីជាមេបញ្ជាការរង នៃកងពលតូចលេខ៧០ និងមានឋានៈជាឧត្តមសេនីយ៍ទោ។

ឮករណីទី១៖ លួចកាយដីនិងជំពាក់លុយថ្លៃដីប្រជាពលរដ្ឋ១០គ្រួសារនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

គេហទំព័រនគរវត្តបានផ្សាយពីរឿងរ៉ាវ ប្រជាពលរដ្ឋ១០គ្រួសាររស់នៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបញ្ចេញប្រតិកម្មចំពោះក្រុមហ៊ុន ភឺន ផល្លា ដែលបានលួចកាយ យកអាចម៍ដីលក់និងជំពាក់លុយថ្លៃដីប្រជាពលរដ្ឋចំនួន១០គ្រួសារមិនព្រមសង។ គេហទំព័រនេះក៏បានស្រង់សម្តីម្ចាស់ដីចម្ការហើយត្រូវក្រុមហ៊ុនភឺន ផល្លា យកគ្រឿងចក្រជាច្រើនគ្រឿងមកកាយយកអាចម៌ដីទាំងយប់ទាំងថ្ងៃមានជម្រៅចំនួន១២ម៉ែត្រ មានក្បាលដីលេខ៧៦៦ មានទំហំ២.៦២៦ ម៉ែត្រការ៉េមានវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យត្រឹមត្រូវ (ប្លង់រឹង)។ ប្រភពដដែលបានបន្តថា ដីរបស់គាត់ មិនបានលក់ឲ្យក្រុមហ៊ុន ភឺន ផល្លានោះទេព្រោះប្លង់ដីគាត់បានដាក់ខ្ចីលុយមីក្រូហិរញ្ញវត្ថុដើម្បីយកទៅមើលជំងឺទៅហើយ។គាត់បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន ភឺន ផល្លាទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទលួចកាយយកអាចម៍ដីរបស់គាត់ដោយទាមទារសំណងជម្ងឺចិត្តចំនួន៣០.០០០ ដុល្លាអាមេរិក។ រីឯប្រជាពលរដ្ឋចំនួន៩គ្រួសារផ្សេងទៀតរស់នៅភូមិអង្គតាឡឹកនេះដែរក៏មានប្រតិកម្មចំពោះក្រុមហ៊ុនភឺនផល្លាដែលទិញដីរបស់ពួកគាត់កន្លងទៅ នៅជំពាក់លុយសងមិនទាន់គ្រប់ ។
ករណីទី២៖ ពលរដ្ឋឃុំអរិយក្សត្រនាំគ្នាផ្តិតមេដៃប្តឹងទៅអភិបាលខេត្តព្រោះខ្លាចឧកញ៉ា ភឺន ផល្លា ធ្វើប្លង់បន្លំយកដីកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ គេហទំព័រព័ត៌មានឈ្មោះថា swiftnewsdaily.com បានចុះផ្សាយព័ត៌មានពាក់ព័ន្ធ នឹងបុគ្គលឈ្មោះភឺន ផល្លានេះ ដោយដាក់ចំណងជើងថា”ប្រជាពលរដ្ឋក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម នាំគ្នាផ្តិតមេដៃប្តឹងទៅអភិបាលខេត្តកណ្តាល ព្រោះខ្លាចឧកញ៉ា ភឺន ផល្លា ធ្វើប្លង់បន្លំយកដី”។គេហទំព័រនេះបានសរសេរថាប្រជាពលរដ្ឋជាង៦០នាក់ ក្នុងចំណោមអ្នកភូមិជាង២៥០គ្រួសារ រស់នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានផ្តិតមេដៃលើញត្តិសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ករណីឧកញ៉ាឈ្មួញដីឈ្មោះ ភឺន ផល្លា បន្លំធ្វើបណ័្ណយកព្រែកសាធារណៈរបស់រដ្ឋ និងដីរបស់ពួកគាត់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។គេហទំព័រដដែល បានសរសេរបន្តថា ប្រជាពលរដ្ឋទាំងនេះ មកពីភូមិអរិយក្សត្រ និងភូមិខ្សាច់ បានប្រមូលផ្តុំគ្នាអស់រយៈពេលបួនថ្ងៃជាប់គ្នា គឺចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីទាមទារឲ្យអាជ្ញាធរក្នុងមូលដ្ឋានជួយដោះស្រាយបញ្ហាដីព្រែកនៅជាប់ផ្ទះរបស់ពួកគាត់ ដែលត្រូវបានលោកឧកញ៉ាភឺន ផល្លា បន្លំធ្វើឯកសារកម្មសិទ្ធិរំលោភយកដោយខុសច្បាប់។

ករណីទី៣៖ យកប្រជាជនជាខែល ប្រើល្បិចបោកថ្នាក់លើ យកដីព្រៃឧទ្យានជាតិព្រះសីហនុ <រាម>

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ គេហទំព័រនគរវត្តបានផ្សាយថា ថ្លើមធំមែន លោកឧត្តមសេនីយ៍ទោ ឧកញ៉ា ភឿន ផល្លា យកប្រជាជនជាខែល ប្រើល្បិចបោកថ្នាក់លើ យកដីព្រៃឧទ្យានជាតិព្រះសីហនុ «រាម »បានចំនួនជាង១៩២ហិចតា តម្លៃរយលានដុល្លារ។គេហទំព័រនេះ បានសរសេររៀបរាប់ថា <ថ្មីៗនេះលោកកឧត្តមសេនីយ៍ទោឧកញ៉ា ភឿន ផល្លា យកប្រជាជនចំនួន៣៧នាក់ ជាខែលបានស្នាមមេដៃ ឈានដល់បោកថ្នាក់លើយកដីព្រៃឧទ្យានជាតិព្រះសីហនុ « រាម » ចំនួនជាង១៩២ហិចតា យ៉ាងស្របច្បាប់ និងតែ២នាក់ដៃគូរបស់ខ្លួនឈ្មោះ លឹម សុជាតិ។ ដោយឡែកប្រជាជនបានខំផ្ដិតមេដៃជាមួយពួកគាត់ បានត្រឹមជាជនរងគ្រោះ ជាឈ្នាន់ ជាខែលសម្រាប់២រូបនេះយកទៅធ្វើជាឯកសារស្របច្បាប់ កំពុងកើតទុក្ខមិនសុខចិត្តក្ដៅក្រហាយ ផ្តើមឲ្យមានភាពឈឺចុកចាប់ធ្ងន់ធ្ងរបំផុត>។

ករណីទី៤៖ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងស្រុកលើកដែក ស្រុកកៀនស្វាយស្រុកស្អាងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ គេហទំព័រមួយឈ្មោះថា moneaksekar.com ក៏បានចុះផ្សាយពាក់ព័ន្ធនឹងបុគ្គលឈ្មោះភឺន ផល្លានេះដែរ ដោយបានដាក់ចំណងជើងថា”មេឈ្មួញ ភឺន ផល្លា ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងស្រុកលើកដែកស្រុកកៀនស្វាយនិងស្រុកស្អាង មានការឃុបឃិតជាប្រព័ន្ធ”។ គេហទំព័រនេះបានសរសេរថា ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក និងស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា មេឈ្មួញ ភឺន ផល្លា ដែលពាក់ផ្កាយ២ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ ហើយមានងារជាឧកញ៉ាផងនោះ នៅតែបន្តប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់អតីតឡូត៍នេសាទលេខ៦ និងឡូត៍នេសាទលេខ៥ យ៉ាងកំរោល។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេឈ្មួញ ភឺន ផល្លា អាចធ្វើអ្វីៗបានតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតពីមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជាប្រធានមន្ទីរពាក់ព័ន្ធផងដែរ ។

ករណីទី៥៖ភឺន ផល្លា និងបក្សពួកសម្រុកចូលក្នុងបរិវេណដីនៅខណ្ឌព្រែកព្នៅ និងបង្កហិង្សា គម្រាមកំហែងជាក់ស្តែងកាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ បុគ្គលឈ្មោះភឺន ផល្លា និងគូកនជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងខ្លី បើកឡានពាក់ស្លាកលេខ ខ.ម និងមានឈ្មោះ ហែម រិទ្ធី ជានាយករងរដ្ឋបាល ខណ្ឌព្រែកព្នៅជាអ្នកអមដំណើរ និងបើកផ្លូវ បានចូលក្នុងបរិវេណទីតាំងដីមួយកន្លែងនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានឈ្មោះយស ម៉ាលីណា ជាម្ចាស់កម្មសិទ្ធស្របច្បាប់ ចេញដោយអភិបាលខណ្ឌព្រែកព្នៅ។ យោងទៅលើបណ្តឹងរបស់ជនរងគ្រោះយុន សត្យាជាអ្នកចាំដីឲ្យឈ្មោះ យស ម៉ាលីណា ដែលដាក់ទៅលោកឧត្តមសេនីយ៍ឯក រត្ម័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបរាប់ថា បុគ្គលឈ្មោះភឺន ផល្លា និងបក្សពួកពីបទ បានសម្រុកចូលក្នុងបរិវេណដី ព្រមទាំងគម្រាមកំហែង ឲ្យកម្មករដែលស្នាក់នៅលើដីនោះចាកចេញ។ ដោយមិនបានចាកចេញតាមការបញ្ជា បុគ្គលឈ្មោះភឺន ផល្លា និងបក្សពួកក៏បានស្ទុះវាយ គម្រាមបាញ់ និងដេញតាមចាប់វាយខ្នោះ ទៅលើកម្មករផ្សេងៗទៀតផងដែរ។
វីដេអូ៖ បង្ហាញពីសកម្មភាពលោកហែម រិទ្ធី រដ្ឋបាលរងខណ្ឌព្រែកព្នៅ និយាយជាមួយម្ចាស់ដីពាក់ពន្ធ័សកម្មភាពភឺន ផល្លា និងបក្សពួកសម្រុកចូលក្នុងបរិវេណដីនៅខណ្ឌព្រែកព្នៅ និងបង្កហិង្សា គម្រាមកំហែង៖

ដោយឡែកគេហទំព័រឈ្មោះ nkdnews.com ក៏បានផ្សព្វផ្សាយដែរពាក់ព័ន្ធ នឹងបុគ្គលល្បីឈ្មោះដោយសាររំលោភយកដីធ្លីអ្នកដទៃនេះផងដែរ។ គេហទំព័រនេះបានសរសេរអត្ថបទមួយ ដោយដាក់ចំណងជើងថា”លោកផ្កាយ២ ភឿន(ភឺន) ផល្លា មេរងអង្គភាព “ង៧០”ក្លាយជា ឧកញ៉ាស៊ីដីល្បីពេញ ខេត្តព្រះសីហនុ និងជាយក្រុងភ្នំពេញ ក្នុងល្បិចលោតឆ័ត្រ”។ គេហទំព័រនេះ បានសរសេរថា បើនិយាយពីឈ្មោះ លោកឧត្តមសេនីយ៍ទោ ភឿន(ភឺន) ផល្លា មួយរយៈចុងក្រោយនេះ ពិតជាមានមនុស្សរាប់ពាន់នាក់ ជាប្រជាពលរដ្ឋ,មន្ត្រីរាជការ,ជំនាញ,អ្នកធំ,អ្នកជំនួញ,ឧកញ៉ា,កងកម្លាំងសមត្ថកិច្ច។ល។ បានឮ បានដឹង និងទទួលស្គាល់ថា (ឧកញ៉ាស៊ីដីមួយរូបដ៏ល្បីខាងជំនាញរត់ការយកប្រជាពលរដ្ឋជាខែលមានស្នាមផ្តិតមេដៃដើម្បីរត់ការ (សណជ) យកដីគម្របព្រៃ, រំលោភយកដីអ្នកដទៃ,ទិញខ្លះ រំលោភខ្លះ បន្លំខ្លះ យកទាហានទៅបន្លាចឈលើទីតាំងដីមានទំនាស់ ក្នុងនោះក៏ធ្លាប់ហ៊ានលួចប្រើឡានស៊េរ៉ែនរបស់អង្គភាពកងពលតូចលេខ៧០ទៅ អំនួតបំបាក់ស្មារតីគូភាគីទំនាស់ជាដើម។

នេះគ្រាន់តែជាព័ត៌មានមួយចំនួនប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៩ ដែលយើងបានដកស្រង់នៅមានព័ត៌មានជាច្រើនទៀត ដែលពាក់ព័ន្ធនឹងបុគ្គលឈ្មោះភឺន ផល្លា ដែលបានទៅរំលោភបំពានទៅលើដីធ្លីរបស់អ្នកដទៃ។

រឿងអាស្រូវ និងការចុះផ្សាយនេះតែងតែត្រូវបានបុគ្គលភឺន ផល្លាបដិសេធថាមិនមែនជាការពិត និងតែងតែចោទប្រកាន់ថាសារព័ត៌មានទាំងនោះផ្សាយគ្មានការពិត។ លោកភឺន ផល្លា តាមរយៈសេចក្តីជូនដំណឹងមួយ ដោយមានតំណាងឈ្មោះនួន រត្តនៈបានធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ ចុះផ្សាយ របស់សារព័ត៌មាននគរវត្តលើករណីថា <លោកផ្កាយ២ភឺន ផល្លាជំនាញរំលោភយកដីបឹង> ករណីថា<លោកភឺន ផល្លាជាអ្នកកាងក្រុមហ៊ុនចិនលួចផលិតបារីខុសច្បាប់នៅកម្ពុជា> និងករណីរឿង<ក្រុមលោកភឺន ផល្លាបើកឡានបុកប្រជាពលរដ្ឋ នៅតំបន់ដីបឹងមានទំនាស់>។ ក្នុងលិខិតជូនសាធារណៈជន លោកភឺន ផល្លា តាមរយៈអ្នកតំណាង បានលើកឡើងថា នោះគឺជាការផ្សាយចោទប្រកាន់ និងមួលបង្កាច់។យ៉ាងណាក៏ដោយសាធារណៈជនមួយចំនួនជឿថា ប្រសិនបើគ្មានភ្លើងក៏គ្មានផ្សែងដែរ និងសំណូមពរឲ្យស្ថាបន័មានសមត្ថកិច្ចយកចិត្តទុកដាក់ ដោះស្រាយ និងចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ កុំឲ្យបុគ្គល១នាក់ ឬ១ក្រុមទៅធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្រ្តីដ៏ទៃទៀត និងស្ថាប័នយោធាដែលតែងតែបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិ៕