រាជធានីភ្នំពេញ៖ ទីតាំងកត់ឆ្នោតយួនមួយកន្លែងក្នុងចំណោមទីតាំងជាច្រើននៅជុំវិញផ្សារសាមគ្គីត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាប និងអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យារបញ្ឈប់ការកត់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ២០១៩ ។ ដែលក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមមនុស្សញៀនល្បែង និងអ្នកកត់ចំនួន៨នាក់ ។សូមបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះគឺស្ថិតនៅផ្ទះលេខ៨៩BE0 ផ្លូវលេខ២៣៣ខាងកើតផ្សារសាមគ្គី សង្កាត់ដេប៉ូទី៣ខណ្ឌទួលគោក ដោយបានឃាត់ខ្លួនក្រុមអ្នកកត់និងអ្នកមកចាក់ឆ្នោតចំនួន៨នាក់ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកត់ឆ្នោតនោះបានអោយដឹងថា ប្រហែលជាសមត្ថកិច្ចខណ្ឌទួលគោកទើបតែងើបពីសម្រាន្តហើយមើលទៅបានជាចុះមកចាប់តែមួយកន្លែងហើយនៅសល់១០កន្លែងផ្សេងទៀតរួមទាំងណេត២៤ម៉ោងជាប់នោះមិនចាប់ រឺសង្ស័យតែទីតាំងខាងលើមិនបានយកសំណែនមកសែនរឺយ៉ាងណាទេ ។

សូមបញ្ជាក់ថានៅជុំវិញផ្សារសាមគ្គីសង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោកនោះមានទីតាំងកត់ឆ្នោតយួនខុសច្បាប់មិនក្រោមដប់កន្លែងទេ ដែលតែងតែដាក់តុកត់កណ្តាលវាលប្រមូលលុយរាប់លានរៀលក្នុងមួយថ្ងៃៗនោះ ។

ចាំមើលតើសមត្ថកិច្ចខណ្ឌទួលគោកបន្តចាប់កន្លែងកត់ឆ្នោតផ្សេងទៀតរឺក៏ចុះចាប់តែមួយកន្លែងនេះទេ ៕