រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីដកកាំភ្លើងភ្ជង់ប៉ន់ប៉ងសម្លាប់អ្នកកត់ឆ្នោតយួននៅខណ្ឌកំបូល លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាអោយក្រុមអធិការកិច្ច ស្រាវជ្រាវជនសង្ស័យដែលដកកាំភ្លើងភ្ជង់គេឈ្នោះ ម៉ាន់ ដេវិដ សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្លុកតូបជួលទល់មុខផ្សារកំបូលពិភពថ្មី ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានករណីក្រុមអ្នកកាងឆ្នោតយួនមួយក្រុមជិះរថយន្តពីរគ្រឿងមកគំរាមសម្លាប់អ្នកកត់ឆ្នោតដូចគ្នា ។

ប្រភពពីពលរដ្ឋរងគ្រោះបានបន្តថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បានអួតខ្លួនថាជាជំនួយការអ្នកធំឲ្យអ្នកកត់ឆ្នោត ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន តែដោយសាមីខ្លួន(ជនរងគ្រោះ)មិនព្រមកត់ឲ្យ ស្រាប់តែក្រុមខាងលើដឹកនាំដោយបុរសជាជនសង្ស័យមានឈ្មោះ ម៉ាន់ ដេវិដ ជិះរថយន្តឡិចស៊ីសសេរីទំនើបពាក់ស្លាកលេខ(ខម2-8107) និងគ្នីគ្នា៦ទៅ ៧នាក់ មានរថយន្តភិកអាប់ ពណ៌ស ពាក់ស្លាកលេខ(ខម2-0178) មកសម្លុតចាប់រូបគាត់ ។ មិនតែប៉ុណ្ណោះបានចូលដល់ក្នុងតូបរបស់គាត់ រួចប្រើហិង្សាវាយ និងថែមទាំងដកកាំភ្លើងអាមេបញ្ជូលគ្រាប់ភ្ជង់គំរាមបាញ់សម្លាប់ចោលបើមិនព្រមកត់ឆ្នោតឲ្យពួកខ្លួន រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្សេងទៀតនាំគ្នាចោមរោមមើល ទើបក្រុមជនសង្ស័យទាំងនោះនាំគ្នាជិះរថយន្តចេញទៅបាត់អស់។ពលរដ្ឋរងគ្រោះ បានបញ្ជាក់ទៀតថា ក្នុងចំណោមបក្ខពួកជនសង្ស័យ មានបុរសឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្នុងក្រុមការងារសមាគមសហសង្គ្រោះអាវុធហត្ថទៀតផង ។

ពាក់ព័ន្ធករណីខាងលើនេះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាឲ្យអភិបាលរងម្នាក់ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បានចាកចេញទៅបាត់មុនពេលដែលអាជ្ញាធរចុះទៅដល់ ៕