រាជធានីភ្នំពេញ ៖ ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម «888» បាននាំគ្នាលើកទ័ពមកនិយាយបញ្ជុះបញ្ជូលលួងលោម ដែលជាអ្នកកត់ឆ្នោតវៀតណាមដូចគ្នា(កូនកញ្ច្រែង) ឲ្យមកកត់ឆ្នោតឲ្យក្រុមខ្លួនវិញ ប៉ុន្តែការបង្ខំនេះ ត្រូវបាន បដិសេធ ក៏ត្រូវពួកគេម្នាក់ មាន ឈ្មោះ ម៉ាន់ ដេវិដ ជិះរថយន្តឡិចស៊ីស សេរីទំនើប ពាក់ស្លាកលេខ (ខម2-8107) ប្រើអំពើហិង្សាវាយ និងដកកាំភ្លើងខ្លីអាមេបញ្ជូលគ្រាប់គំរាមបាញ់សម្លាប់ទៀតផង។ករណីប្រើអំពើហិង្សាវាយ និងដកកាំភ្លើងខ្លីអាមេបញ្ជូលគ្រាប់គំរាមបាញ់សម្លាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្លុកតូបជួលទល់មុខផ្សារកំបូលពិភពថ្មី ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។

ពលរដ្ឋរងគ្រោះបន្តថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បានអួតខ្លួនថាជាជំនួយការអ្នកធំឲ្យអ្នកកត់ឆ្នោត ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន តែដោយសាមីខ្លួន(ជនរងគ្រោះ)មិនព្រមកត់ឲ្យ ស្រាប់តែក្រុមខាងលើដឹកនាំដោយបុរសជាជនសង្ស័យមានឈ្មោះ ម៉ាន់ ដេវិដ ជិះរថយន្តឡិចស៊ីសសេរីទំនើបពាក់ស្លាកលេខ(ខម2-8107) និងគ្នីគ្នា៦ទៅ ៧នាក់ មានរថយន្តភិកអាប់ ពណ៌ស ពាក់ស្លាកលេខ (ខម2-0178) មកសម្លុតចាប់រូបគាត់ ។ មិនតែប៉ុណ្ណោះបានចូលដល់ក្នុងតូបរបស់គាត់ រួចប្រើហិង្សាវាយ និងថែមទាំងដកកាំភ្លើងអាមេបញ្ជូលគ្រាប់ភ្ជង់គំរាមបាញ់សម្លាប់ចោលបើមិនព្រមកត់ឆ្នោតឲ្យពួកខ្លួន រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្សេងទៀតនាំគ្នាចោមរោមមើល ទើបក្រុមជនសង្ស័យទាំងនោះនាំគ្នាជិះរថយន្តចេញទៅបាត់អស់។ពលរដ្ឋរងគ្រោះ បានបញ្ជាក់ទៀតថា ក្នុងចំណោមបក្ខពួកជនសង្ស័យ មានបុរសឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្នុងក្រុមការងារសមាគមសហសង្គ្រោះអាវុធហត្ថទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាឲ្យអភិបាលរងម្នាក់ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បានចាកចេញទៅបាត់មុនពេលដែលអាជ្ញាធរចុះទៅដល់។

ចំណែកបុរសឈ្មោះ ម៉ាន់ ដេវិដ ដែលពលរដ្ឋរងគ្រោះអះអាងថា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នាក់ងារយើង ក៏មិនអាចទំនាក់ទំនងបានទេ ព្រោះគ្មានលេខទូរស័ព្ទ ។ ចំពោះករណីខាងលើដែលប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888»នេះ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ។ រីឯពលរដ្ឋរងគ្រោះ ក៏សូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើមានវិធានរកយុត្តិធម៌ជូនគាត់ជាជនរងគ្រោះផង ៕