រាជធានីភ្នំពេញ៖ មានអគ្គីភ័យមួយបានកើតឡើងធ្វើអោយអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យលោកសង្ឃភ័យប៊ះសក់រត់ចេញមកក្រៅ ។ ដែលអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ បង្កឡើងដោយការផ្ទុះហ្គាសអ៊ុកស៊ីហ្សែនរថយន្តសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ក្រុមគ្រួពេទ្យបានធ្វើការប្តូរបំពង់ហ្គាសអ៊ុកស៊ីហ្សែនរថយន្តសង្គ្រោះបន្ទាន់ដើម្បីធ្វើការដឹកអ្នកជំងឺចេញពីមន្ទីរពេទ្យខាងលើ ។ បន្ទាប់ពីធ្វើការប្តូរហើយ ក្រុមគ្រួពេទ្យក៏ដើរចូលទៅក្នុងមន្ទីរពេទ្យដើម្បីយកអ្នកជំងឺមកលើរថយន្ត តែមិនទាន់បាននាំអ្នកជំងឺឡើងលើរថយន្តផង ក៏ស្រាប់តែផ្ទុះបំពង់ហ្គាស អ៊ុកស៊ីហ្សែន បង្កអោយមានអណ្តាតភ្លើងឆាបឆេះរថយន្តតែម្តងទៅ ។ ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គីភ័យមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្តត់បានទាន់ពេលវេលា មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គ្រាន់តែខូចខាតរថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿងតែប៉ុណ្ណោះ ៕