ប្រទេសឥណ្ឌា៖ ពាក្យចាស់លោកពោលថា អាយុគ្រាន់តែជាតួលេខ ពាក្យនេះពិតជាត្រឹមត្រូវបំផុត ព្រោះសម័យនេះយើងសង្កេតឃើញថា យុវជន និងយុវនារីជាច្រើនពិតជាមានសមត្ថភាពខ្លាំង និងអស្ចារ្យខុសពីជំនាន់មុនៗណាស់។ជាក់ស្តែង មាននារីម្នាក់មានវ័យត្រឹមតែអាយុ ១៩ឆ្នាំប៉ុណ្ណោះ អាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត កំពុងតែទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាខ្លាំង។

នាងមានឈ្មោះ Naina Jaiswal ស្រុកកំណើតកើតក្នុងទីក្រុង​ Hyderabad (ហៃដ្រាបាដ) ប្រទេសឥណ្ឌា។នាងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញពេញប្រទេសឥណ្ឌា និងតំបន់អាស៊ី ព្រោះតែនាងរៀនពូកែ អាចរៀនចប់ថ្នាក់បណ្ឌិតត្រឹមវ័យក្មេង។ លើសពីនេះទៀត នាងមិនត្រឹមតែរៀនពូកែនោះទេ សូម្បីតែផ្នែកកីឡា សិល្បៈ និងតន្រ្តីក៏ពូកែដូចគ្នា។

ជាក់ស្តែង ឪពុកម្តាយរបស់ Naina បានពន្យល់ថា ការសិក្សាគឺជាផ្នែកដ៏សំខាន់ ប៉ុន្តែក៏មិនត្រូវផ្តោតលើការសិក្សាតែមួយមុខដែរ។ ដូច្នេះបានជាពួកគាត់បានជំរុញកូនស្រីឱ្យស្វែងរកទេពកោសល្យបន្ថែមទៀត ក្រៅពីការសិក្សាដើម្បីធ្វើឱ្យនាងអាចក្លាយទៅជាមនុស្សពូកែម្នាក់នៅថ្ងៃអនាគត។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នាង Naina ត្រូវបានឪពុកម្តាយបង្រៀននៅក្នុងផ្ទះតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ។ ព្រោះតែមានសមត្ថភាពខ្ពស់ខុសប្លែកពីក្មេងដទៃ នាង Naina អាចបញ្ចប់ការសិក្សាថ្នាក់ទី១០ ត្រឹមអាយុ ៨ឆ្នាំ។

បន្ថែមពីនេះទៀត យុវតីដ៏ឆ្នើមម្នាក់នេះក៏មានសមត្ថភាពអាចលេងព្យាណូ ច្រៀង និងសរសេរដោយប្រើប្រាស់ដៃទាំងពីរដំណាលគ្នាទៀតផង។

ដូច្នេះ អនាគតរបស់នាងច្បាស់ជាត្រចះត្រចង់ជាក់ជាមិនខាន ហើយនាងក៏កំពុងតែត្រៀមខ្លួនចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ខាងមុខនេះផងដែរ។

គួរបញ្ជាក់ផងដែរថា នៅស្រុកគេ ឱ្យតែមនុស្សមានសមត្ថភាពអាចប្រលងជាប់ការធ្វើតេស្តសមស្របទៅតាមលក្ខខណ្ឌរបស់ខាងសាលាកំណត់នោះ ពួកគេអាចរៀនផ្លោះថ្នាក់បាន បើទោះបីជានៅវ័យក្មេងក៏ដោយ សំខាន់គឺសមត្ថភាព អាចរៀនទាន់គេ៕