ក្រុងបាងកក៖ លោក បាដឌីផុងស៊ិ ភូនណាកាន់ថា (Buddhipongse Punnakanta) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមបានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រទេសអាស៊ានមួយនេះនឹងបើក «មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ» ដំបូងគេក្នុងប្រទេស ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឲ្យមានភាពច្បាស់លាស់ និងពិតប្រាកដដែលកំពុងរាលដាលយ៉ាងខ្លាំង ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក។ នេះបើតាមការចេញផ្សាយដោយវែបសាយ ព័ត៌មានថៃ TTO ដែលត្រូវបានដកស្រង់នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ លោក Punnakanta បាននិយាយយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះនរណាក៏អាចធ្វើជាអ្នកសារព័ត៌មានបានដែរ ព្រោះរាល់ការងារអ្វីៗ ក៏អាចផ្សព្វផ្សាយ និងចែកចាយបានលើបណ្តាញសង្គមហ្វេសប៊ុក ហើយជាពិសេសប្រជាពលរដ្ឋថៃ ចូលចិត្តនូវការចែករំលែកបែបនេះណាស់។ ប៉ុន្តែរាល់ការចែករំលែកបែបហ្នឹង តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះព័ត៌មានបែបនេះ? ព្រោះព័ត៌មានបែបនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ ឬការអន្តរាយដល់សង្គម»។

ដោយឡែកបើតាមតាមកាសែត Straits Time វិញឲ្យដឹងថា គោលបំណងសំខាន់របស់មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយរបស់ថៃនេះគឺ៖

* រកឲ្យឃើញនូវតំបន់ព័ត៌មានដែលសង្ស័យថា ក្លែងក្លាយ ហើយផ្ទៀងផ្ទាត់ព័ត៌មាននោះឱ្យបានច្បាស់លាស់ ហើយនិងផ្សព្វផ្សាយព័ត៌មានត្រឹម ត្រូវដល់សាធារណជនតាមរយៈទំព័រថ្មី ឬលើហ្វេសប៊ុក និងឡាញ (Line)។
* ផ្ដោតលើតំបន់ដែលមានព័ត៌មានក្លែងក្លាយបានកើតមានឡើងជាញឹកញាប់។
* មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ មានទីស្នាក់ការនៅទីក្រុងបាងកក។

លោករដ្ឋមន្ត្រីបានបន្តទៀតថា «ការបើកមជ្ឈមណ្ឌលនេះ មិនមែនតែគំនិតផ្ដួចផ្ដើមដោយឡែករបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្ដែពួកយើងក៏ត្រូវសហការជាមួយអង្គការសង្គមស៊ីវិលផងដែរ។មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយស្នើសុំ៖ អង្គភាពនីមួយៗផ្ដល់យ៉ាងហោចណាស់មនុស្ស ០៣នាក់ ពីព្រោះពួកយើងចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់ នូវព័ត៌មាននានាក្នុងរយៈពេល រាល់២ម៉ោងម្តង»។

គួរបញ្ជាក់តាមអាជ្ញាធរថៃថា ក្រោយពេលពីរខែ ដែលថៃបានបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនេះ ថៃនឹងស្នើសុំឱ្យក្រុមហ៊ុនឧស្សាហកម្មនានា បង្កើតមជ្ឈមណ្ឌលប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅគ្រប់ប្រទេសជាសមាជិកអាស៊ាន (ASEAN)។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខែវិច្ឆិកា ខាងមុខនេះ ថៃនឹងស្នើសុំប្រទេសសមាជិកអាស៊ាន បើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ៕