រាជធានីភ្នំពេញ៖ ជនជាតិចិនមួយក្រុមមិនដឹងជាឈ្លោះប្រកែងគ្នារឿងអ្វីទេ រហូតឈានដល់ការផ្ទុះអាវុធ ចំនួន៣គ្រាប់ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន និងកាហ្វេយីហោ «ហ្គ្រីនកាហ្វេ» ស្ថិតក្នុងក្រុងទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែមិនបណ្ដាលឲ្យភាគីណាម្នាក់រងរបួសនោះឡើយ។របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណបាននៅឡើយទេ ដោយគ្រាន់តែដឹងថា ពួកគេមានគ្នា២នាក់ ប្រើប្រាស់អាវុធខ្លីមួយដើមមិនស្គាល់ម៉ាក ជិះរថយន្ដមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ បានបាញ់ស្រោចទៅដល់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ចំនួន៣គ្រាប់ តែមិនបណ្ដាលឲ្យរងរបួសនោះទេ គ្រាន់តែបំផ្លាញសម្ភារនៅក្នុងហាងអស់មួយចំនួន។

យ៉ាងណាមិញ សម្រាប់អត្តសញ្ញាណរបស់ជនរងគ្រោះសមត្ថកិច្ចក៏មិនទាន់ដឹងនៅឡើយដែរ ព្រោះជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ។

ទោះជាយ៉ាងណា ក្រោយពេលកើតហេតុកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះពិនិត្យដល់កន្លែងកើតហេតុ បំភ្លឺសាក្សីដឹងរឿងហេតុបានចំនួន០២នាក់ និងឆែកកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនអ្នកបង្កចាត់ការតាមផ្លូវច្បាប់៕