កីឡាអន្តរជាតិ៖ អតីតជើងចាស់លោក Gary Neville បាននិយាយថាគាត់នឹងចុះហត្ថលេខាលើកីឡាករ Raphael Varane, N’Golo Kante និង Kylian Mbappe ប្រសិនបើគាត់ទទួលភារកិច្ចជាអ្នកចាត់ការក្រុម Manchester United នោះ ។គួរបញ្ជាក់ថាវីរបុរសរបស់ក្រុមបិសាចក្រហមរូបនេះបានចូលរួមក្នុងកម្មវិធី Twitter Q&A នៅព្រឹកថ្ងៃអង្គារនេះ ហើយត្រូវបានគេសួរថា តើគាត់នឹងធ្វើអ្វីមុនគេ ប្រសិនបើត្រូវបានគេផ្តល់ជម្រើសឲ្យចុះហត្ថលេខាលើកីឡាករលំដាប់កំពូលបីរូបនៅលើពិភពលោក ។ហើយយ៉ាងណាមិញលោក Neville បានឆ្លើយតបយ៉ាងច្បាស់ថា នឹងចុះហត្ថលេខាលើកីឡាករដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់ក្រុមជម្រើសជាតិបារាំង ដែលមានដូចជា ៖ “Varane, Kante និង Mbappe” ។មិនតែប៉ុណ្ណោះអតីតខ្សែការពារស្តាំរបស់អង់គ្លេសរូបនេះក៏ត្រូវបានគេស្នើសុំឱ្យទស្សន៍ទាយ ពីរយ:ពេលដែលគ្រូបង្វឹកលោក Ole Gunnar Solskjaer នឹងអាចប្រជែងយកតំណែងជើងឯក Premier League ផងដែរ ដោយគាត់បានឆ្លើយតបថា ៖ “ពេលវេលាដែលឥតខ្ចោះគឺនៅរដូវកាល ២០២១/២២ ” ៕