​អន្តរជាតិ៖ អាមេរិកកំពុងតែបារម្ភ ខ្លាចបាត់បង់តំណែងមហាអំណាច​​ នៅលើពិភពលោក ពិសេសគឺម​ហាអំណាច សេដ្ឋកិច្ច ។ ទាំងនោះហើយបានជា រដ្ឋាភិបាលអាមេរិក ស្វែងរកគ្រប់វិធី​សាស្ត្រ​​ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន ។កន្លងមក អាមេរិក បានទប់ស្កាត់ ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់ពិភពលោក ហួវាយ ហើយ​ពេលនេះ មានបំណងទប់ស្កាត់ក្រុមហ៊ុន​ផ្លូវដែករបស់ចិន ជាបន្តទៀត ដោយចោទថា​បានគំរាមកំហែងដល់សន្តិសុខជាតិ​។នៅពេលនេះ រដ្ឋាភិបាលអាមេរិក មានគម្រោងវាយ​ប្រហារទៅលើក្រុមហ៊ុនធំៗរបស់ របស់ចិន បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ បច្ចុប្បន្នក្រុមហ៊ុន​ផ្លូវដែករបស់ចិន កំពុងតែទទួលបានការពេញនិយម ពីបណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក។ ផ្ទុយទៅវិញបញ្ហានេះ ​ក៏ក្លាយជាក្តីបារម្ភរបស់រដ្ឋាភិបាល​អាមេ​រិក ផងដែរ ដោយសារអាមេរិក​ខ្លាច​ចិន មានឥទ្ធិពលកាន់តែខ្លាំងឡើង នៅជុំវិញ​ពិភព​លោក​។ ចំណុចទាំងនេះ ទើបសភាអាមេរិក មាន​គម្រោង​អនុម័ត​ច្បាប់​មួយ ទប់ស្កាត់​ក្រុម​ហ៊ុនផ្លូវដែករបស់ចិន នៅ​លើទឹកដីអាមេរិក ដោយលើកហេតុ​ផលការពារ​សន្តិសុខជាតិ។

សារព័ត៌មាន Straits Times បានផ្សាយថា ក្រុមតំណាងរាស្ត្រអាមេរិក បានស្នើចេញច្បាប់ ទប់ស្កាត់ក្រុមហ៊ុនផ្លូវដែករបស់ចិន ដែលមានរថភ្លើងល្បឿនលឿន និងជាក្រុមហ៊ុន​ផ្លូវដែក​ធំបំផុត នៅលើពិភពលោក។ ក្រុមហ៊ុន​របស់​ចិន​មួយនេះ បានផលិតរថភ្លើង ក៏ដូចជា ក​សាង​ផ្លូវដែកជាច្រើន នៅលើទឹកដីអាមេរិក។

គម្រោងខាងលើរបស់អាមេរិក អាចបង្កឲ្យតានតឹងខ្លាំងឡើងជាមួយចិន នៅក្នុងពេល​សង្រ្គាម​ពាណិជ្ជកម្ម ដែលកំពុងតែតានតឹងស្រាប់នោះថែមទៀតផង។ នៅពេលនេះ អាមេរិក និង ចិន បានបន្ធូរបន្ថយស្ថានការណ៍នេះ​ហើយ​រដ្ឋាភិបាល នៃប្រទេសទាំងពីរបាន​សម្រេចថយក្រោយ ម្នាក់មួយជំហាន នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដើម្បីឈានដល់កិច្ច​ព្រម​ព្រៀង នាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជា ពិភពលោកទាំងមូល​ផងដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ និង តំណាងរាស្ត្រអាមេរិក បានបង្ហាញពីក្តី​បារម្ភ​យ៉ាងខ្លាំង អំពីមហិច្ឆតាសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែមានបំណង ជំរុញការវិនិយោគ នៅ​ទូ​ទាំង​ពិភពលោក ក្នុងនោះ​មាន​ទាំង​ប្រទេស​មហាអំណាចសេដ្ឋកិច្ចពិភពលោក។ កត្តាទាំងអស់ហើយ ទើ់បធ្វើឲ្យរដ្ឋាភិបាលអាមេរិក កាន់តែព្រួយបារម្ភខ្លាំងឡើង ហើយបានត្រៀមចាត់វិធានការ ទប់ស្កាត់នូវការពង្រីកឥទ្ធិពល របស់​ចិន។

បណ្ដាមន្ត្រីជាន់ខ្ពស់អាមេរិក បានបង្ហាញពីការព្រួយបារម្ភថា ក្រុមហ៊ុនផ្លូវដែករបស់ចិន នឹង​ដាក់​បញ្ចូលបច្ចេកវិទ្យាទំនើប នៅក្នុងរថភ្លើងល្បឿនលឿន ដើម្បីតាមដានសកម្មភាព ក៏ដូច​ជា ការសន្ទនារបស់អ្នកធ្វើដំណើរ នៅក្នុង​ទូ​រថភ្លើងនោះ។ ក្រៅពីនេះ នៅក្នុងទូរថភ្លើង ក៏​មាន​កាមេរ៉ា អាចចាប់គ្រប់សកម្មភាពរបស់អ្នកដំណើរផងដែរ៕