រាជធានីភ្នំពេញ៖ បន្តបន្ទាប់គ្នាអ្នកសិល្បៈពីររូបគឺតារាកំប្លែងនាយចយ និងតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ស្រាប់តែទទួលបានកូនលើកដំបូងបន្ថែមសមាជិករៀងៗខ្លួន។ ឆាយវីរៈយុទ្ធបានកូនស្រីគួរឲ្យស្រលាញ់ ខណៈនាយចយក៏បានឃើញមុខកូនស្រីដ៏ស្រស់ស្អាតគួរឲ្យខ្នាញ់ផងដែរ។នាយ ចយ រួមនឹងភរិយាជាទីស្រលាញ់ទទួលបានសមាជិកថ្មី គឺកូនដំបូងរបស់ខ្លួនហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការសាទរពីអ្នកសិល្បៈជាច្រើន។ត្រៀមចិត្តសប្បាយរីករាយនឹងមើលមុខកូនប្រុសដំណក់ឈាមរួមគ្នាលើកដំបូង នាយ ចយ និងភរិយា មានអារម្មណ៍មិនខុសពីម្តាយឪពុកដទៃនោះទេ។ មុនពេលសម្រាលភរិយាស្រស់សោភារបស់នាយចយ លើកឡើងថាទោះកូនកើតមកមុខកាត់ទៅនាង ឬប្តីក្តីក៏នាងនៅតែសប្បាយចិត្ត និងពេញចិត្តព្រោះវាជាតំណក់ឈាមរួមគ្នា​ និងក្រោយពីពួកគេបាបានរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៨។នៅលើទំព័រហ្វេសប៊ុកតារាចម្រៀងទ្រនំសាន់ដេលោក ឆាយ​ វីរៈយុទ្ធ វិញបានបង្ហោះបង្ហើបដំណឹងដ៏ល្អ និងរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងទឹកមុខញញឹមប្រិមប្រិយនៅក្នុងមន្ទីរពេទ្យរួមភរិយា ព្រមទាំងដៃត្រកងបមបីកូនទើបសម្រាល ដែលមានឈ្មោះពិរោះ។ដោយលោក ឆាយ​ វីរៈយុទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា «កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា ( Atara ) កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម»។ តារាចម្រៀង រូបនេះក៏បានបន្តទៀតថា «ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ុំ ពូ មីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាតារ៉ា (Atara) នឹងម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា សូមអរគុណ»៕