រាជធានីភ្នំពេញ៖ ស្របពេលដែលលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង១៩ សីហា ២០១៩ បានចេញជាផ្លូវការ យើងសង្កេតឃើញថាឆ្នាំនេះមានបេក្ខជនធ្វើបានល្អជាច្រើននាក់ជាពិសេសគឺទទួលបាននិទ្ទេស A ដល់ទៅ៤៤៣នាក់ឯណោះ។ តែផ្ទុយទៅវិញក៏មានប្អូនៗមួយចំនួនបានទទួលបរាជ័យក្នុងការប្រលងឆ្នាំនេះផងដែរ។ពាក់ព័ន្ធជាមួយករណីចំពោះប្អូនៗដែលប្រលងធ្លាក់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា៖ «បើក្មួយៗធ្លាក់បាក់ឌុប គួរកុំរៀនថ្នាក់ទី១២ឡើងវិញ តែគួររៀន បរិញ្ញាបត្ររង។

ក្មួយៗ ដែលប្រឡងធ្លាក់បាក់ឌុប គួរកុំទាន់បាក់ទឹកចិត្ត ឬអស់សង្ឃឹម ព្រោះក្នុងវិស័យការងារ គេមិនខ្វល់ថាយើង ជាប់ ឬធ្លាក់បាក់ឌុបទេ ប៉ុន្តែគេខ្វល់ថា តើយើងមានបរិញ្ញាបត្រ ឬអត់? ដូច្នេះ ទោះធ្លាក់ ឬជាប់បាក់ឌុបក្តី គប្បីក្មួយកុំមានការព្រួយបារម្ភខ្លាំងពេក គឺក្មួយត្រូវតែបន្តរៀនទៅថ្នាក់បរិញ្ញាបត្រឱ្យបាន ដោយត្រូវចាប់ផ្តើមពីថ្នាក់បរិញ្ញាបត្ររងឡើងទៅ។ ក្មួយៗអាចរៀនយកបរិញ្ញាបត្ររង២ឆ្នាំ និង៣ឆ្នាំទៀត បន្តរៀនយកបរិញ្ញាបត្រ ហើយទីបញ្ចប់ ក្មួយៗនៅតែមានឱកាស ទទួលបានបរិញ្ញាបត្រដូចគ្នា»៕