ទីក្រុងតូក្យូ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ (Mahathir Mohamad) បានចេញមុខគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន Huawei ដែលកំពុងស្ថិតក្រោមគំនាបរបស់អាមេរិក ដោយលោកបាននិយាយថា ម៉ាឡេស៊ីនឹងបន្តប្រើប្រាស់ផលិតផលរបស់ Huawei ឲ្យបានច្រើនតាមតែអាចធ្វើបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពីអនាគតរបស់តំបន់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងតូក្យូនៃប្រទេសជប៉ុន លោក Mahathir បានលើកឡើងថា ក្រុមហ៊ុន Huawei មានសមត្ថភាពស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗខ្លាំង ដូច្នេះហើយប្រទេស លោកនឹងព្យាយាមប្រើប្រាស់ផលិតផលបច្ចេកវិទ្យារបស់ Huawei ដើម្បីជាប្រយោជន៍ ឲ្យបានច្រើនតាមតែអាចធ្វើទៅរួច។

លោក Mahathir បានថ្លែងគាំទ្រ Huawei បែបនេះ ខណៈដែលក្រុមហ៊ុន Huawei បានទទួលរងការចោទប្រកាន់គ្មានមូលដ្ឋាន ពីសំណាក់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលចិនអាចលួចស៊ើបការណ៍សម្ងាត់ពីប្រទេសដទៃ តាមរយៈផលិតផលរបស់ Huawei ខណៈដែលជាក់ស្តែង Huawei គ្រាន់តែជាក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ មិនខុសអ្វីពីក្រុមហ៊ុន Apple របស់អាមេរិកឡើយ។ ក្រៅពីនេះ Huawei ក៏កំពុងប្រឈមនឹងការដាក់បម្រាមពាណិជ្ជកម្ម របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។

មិនតែប៉ុណ្ណោះ លោក Mahathir បានក្រើនរំលឹកប្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជឿនលឿននៅលោកខាងលិចថា ពួកគេត្រូវតែទទួលស្គាល់ការពិតជាក់ស្តែង ដែលមិនអាចប្រកែកបានថា បច្ចុប្បន្នប្រទេសនៅតំបន់អាស៊ី ក៏មានសមត្ថភាពផលិតផលិតផល ដែលមានភាពប្រកួតប្រជែងខ្លាំងដែរ ហើយប្រទេសទាំងនោះមិនគួរគំរាមកំហែង ឬគាបសង្កត់ធ្វើបាបគូប្រជែងពាណិជកម្មរបស់ខ្លួនឡើយ ពោលគឺគួរប្រឡងប្រណាំងគ្នាដោយស្មើភាព ខណៈពេលខ្លះគឺវាតែងមានអ្នកនេះឈ្នះ និងពេលខ្លះគឺអ្នកនោះជាអ្នកឈ្នះ ដែលជារឿងធម្មតាក្នុងការប្រកួតប្រជែង៕